សេចក្តីថ្លែងការណ៍របស់នាយកប្រតិបត្តិ និងអគ្គនាយក

សារពីគណៈគ្រប់គ្រង

នៅ ក្រុមហ៊ុនរេតធីង អេជេនស៊ី អហ្វ (ខេមបូឌា) – “RAC”យើងប្តេជ្ញាពង្រឹងទំនុកចិត្តលើទីផ្សារមូលធន តាមរយៈការផ្តល់ការវាយតម្លៃចំណាត់ថ្នាក់លទ្ធភាពសងប្រកបដោយឯករាជ្យភាព កម្មវត្ថុច្បាស់លាស់ និងប្រកបដោយទំនុកចិត្ត។ សេវាកម្មរបស់យើង៖ ការវាយតម្លៃចំណាត់ថ្នាក់ឥណទានស្ថាប័ន (Issuer Credit Rating) និងការវាយតម្លៃចំណាត់ថ្នាក់ឥណទានសញ្ញាបណ្ណ(Bond Credit Rating)  ត្រូវបានបង្កើតឡើងដើម្បីគាំទ្រដល់វិនិយោគិន បុគ្គលបោះផ្សាយ សញ្ញាបណ្ណ ស្ថាប័នហិរញ្ញវត្ថុ និងភាគីដែលចូលរួមចំណែកទីផ្សារផ្សេងៗ ក្នុងការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយព័ត៌មានគ្រប់គ្រាន់ ព្រមទាំងលើកកម្ពស់តម្លាភាព និងការបែងចែកធនធានមូលធនប្រកបដោយប្រសិទ្ធភាព។

ខណៈដែលទីផ្សារហិរញ្ញវត្ថុនៅកម្ពុជាកំពុងបន្តរីកចម្រើន ការវាយតម្លៃចំណាត់ថ្នាក់លទ្ធភាពសងដែលមានភាពជឿជាក់ កំពុងដើរតួនាទីកាន់តែសំខាន់ក្នុងការពង្រឹងវិន័យទីផ្សារ បង្កើនលទ្ធភាពទទួលបានប្រភពមូលធន និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។ យើងប្តេជ្ញាផ្តល់សេវាវាយតម្លៃដែលអនុលោមតាមស្តង់ដារអន្តរជាតិ ខណៈពេលដែលឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃទីផ្សារកម្ពុជាផងដែរ។

ការងាររបស់យើងផ្អែកលើគុណតម្លៃស្នូលចំនួនបី គឺ ទំនុកចិត្ត (Credibility), តម្លាភាព (Transparency) និង ឯករាជ្យភាព (Independence)។ តាមរយៈវិធីសាស្ត្រវិភាគដ៏តឹងរ៉ឹង ប្រព័ន្ធអភិបាលកិច្ចរឹងមាំ និងការប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត យើងខិតខំផ្តល់នូវការវាយតម្លៃដែលអាចទុកចិត្តបាន ដើម្បីរួមចំណែកកសាងទីផ្សារមូលធនដែលមានភាពរឹងមាំ ប្រសិទ្ធភាព និងដំណើរការបានល្អ។

យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជន ដៃគូ និយ័តករ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបន្តផ្តល់នូវទំនុកចិត្ត និងការគាំទ្រសេវាកម្មរបស់យើងខ្ញុំ។  យើងនឹងបន្តរួមគ្នាប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងនិរន្តរភាពតទៅមុខទៀត។